Tuesday, May 16, 2017

4គន្លឹះងាយៗទោះបីសិស្សខ្សោយក៏អាចប្រលងជាប់ថ្នាក់ទី12


បច្ចុប្បន្នការប្រលងថ្នាក់ទី12​ ឬការប្រលងមធ្យមសិក្សាទុតិយភូមិតែងតែរឹតបណ្តឹងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ​​ 2014មក។
​ ការប្រលងនេះអាចនិយាយបានថា​ពិតជាពិបាកសម្រាប់សិស្សខ្សោយ ហើយក៏ជាការព្រួយបារម្ភរបស់សិស្សជាច្រើន​ ម្យ៉ាងវិញទៀតសិស្សមួយចំនួនបានផ្តោតលើការប្រលងយកនិទ្ទេសល្អផងដែរ​ ព្រោះថានិទ្ទេសកាន់តែល្អ ឳកាសចាប់យកអារូបករណ៍កាន់តែច្រើន ហើយបានជួយលើកមុខមាត់ សង្គមជាតិ គ្រួសារ សាលារៀន​ និងលោកគ្រូអ្នកគ្រូ​ផងដែរ។​ ថ្ងៃនេះ ក្នុងនាមខ្ញុំសិស្សនិទ្ទេសAមួយរូប ខ្ញុំចង់ចែករំលែក បទពិសោធន៍ខ្លះៗដែលជាគន្លឹះងាយៗ​ដែលមានប្រសិទ្ធភាពកែរប្រែស្ថានការណ៍ ពីសិស្សខ្សោយទៅជាសិស្សពូកែ ឬអាចនិយាយបានថា​ ពីបរាជ័យទៅជាជោគជ័យ។​

1 ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់

       ពិតណាស់ការស្គាល់ខ្លួន​​ឯង និងដឹងពីសមត្ថភាពខ្លួនឯងថានៅកម្រិតណាពិតជារឿងសំខាន់ណាស់។ តួរយ៉ាងការប្រលងនេះត្រូវបានគេបែងចែកជាពីរផ្នែក ផ្នែកទី1​គឺ វិទ្យាសាស្រ្តសង្គម ឯផ្នែកទី2គឺ វិទ្យាសាស្ត្រពិត​។ ដូចនេះអ្នកត្រូវដឹងច្បាស់ថា តើមុខវិជ្ជាដែលអ្នកនឹងត្រូវប្រលងមានមុខវិជ្ជាអ្វីខ្លះ? តើអ្នកពូកែលើមុខវិជ្ជាអ្វី ហើយខ្សោយលើមុខវិជ្ជាអ្វីខ្លះ? ដើម្បីដឹងពីសមត្ថភាពខ្លាំងនិងខ្សោយទាំងនេះ អ្នកគួរសាកល្បងដោះស្រាយ​លំហាត់ និងសាកល្បងឆ្លើយសំណួរ​ ដែលមានក្នុងសៀវភៅពុម្ព ឬវិញ្ញាសារប្រលងឆ្នាំទៅឳ្យបានច្រើន។ នៅពេលអ្នកដឹងច្បាស់ពីខ្លួនអ្នក នោះអ្នកនឹងងាយស្រួលក្នុងការត្រៀមខ្លួនក្នុងការប្រលងនៅពេលខាងមុខដ៏ខ្លីនេះ។

2 រៀបចំ និងកំណត់កាលវិភាគរៀនឲ្យច្បាស់

       នេះជាចំណុចសំខាន់បំផុត​ ក្នុងការពង្រឹងសមត្ថភាពរបស់យើងគ្រប់ៗគ្នាដើម្បីទទួលជោគជ័យក្នុងការប្រលង ហើយកាលវិភាគនេះមិនមែនជា កាលវិភាគដែលរៀនតែក្នុងសាលានោះទេ ពោលគឺទាំងកាលវិភាគក្នុងសាលា និងកាលវិភាគសម្រាប់ស្វ័យសិក្សានៅផ្ទះពេលទំនេរ។ យើងគប្បីរៀបចំកាលវិភាគនេះឲ្យបានច្បាស់ល្អ​ ហើយត្រូវអនុវត្តតាមកាលវិភាគនេះឳ្យបានទៀងទាត់​ និងត្រូវកាត់បន្ថយការដើរលេងមួយចំនួនដែលអាចប៉ះពាល់ដល់ការសិក្សារបស់យើង ព្រោះវាសល់ពេលមិនច្រើនទេក្នុងការត្រៀមខ្លួនសម្រាប់ការប្រលងមួយនេះ (តិចជាង3ខែ) ។ មួយវិញទៀតអ្នកគួរបង្កើនម៉ោងរៀនស្វ័យសិក្សាលើ មុខវិជ្ជាដែលអ្នកខ្សោយឲ្យបានច្រើន ដោយកាត់បន្ថយការរៀនសំរុកតែមួយមុខវិជ្ជា ឬមុខវិជ្ជាដែលអ្នកពូកែជាងគេ។ ត្រូវចាំថា ការខ្លាំងតែមួយមុខវិជ្ជា មិនអាចជួយយើងឲ្យប្រលងជាប់ទេ ហើយក៏មិនអាចទទួលលទ្ធផលល្អក្នុងការប្រលងផងដែរ។

3 ខ្សោយអ្វីរៀនហ្នឹង ភ្លេចអ្វីរំលឹកហ្នឹង​

       បើអ្នកដឹងខ្លួនថា​ខ្សោយលើមុខវិជ្ជាអ្វី អ្នកគួរតែប្រឹងរៀនលើមុខវិជ្ជានោះ ហើយការរៀននេះអ្នកគួរចាប់ផ្តើមរៀនពីគ្រឹះសំខាន់ៗ នៃមេរៀនឬមុខវិជ្ជានោះ។ ឧទាហរណ៍ អ្នកមិនចេះឬខ្សោយចំពោះមេរៀននៃមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា អ្នកគួរចាប់ផ្តើមរៀនពីមូលដ្ធានគ្រឹះវាជាមុនសិនមានដូចជា រូបមន្តនៃមេរៀន និងលំហាត់គំរូតូចៗងាយយល់ជាច្រើន​ ដែលទាំងនោះគឺមានក្នុងសៀវភៅពុម្ពទី12ស្រាប់ (លើកលែងតែជីវវិទ្យាមួយប៉ុណ្ណោះដែលតម្រូវឲ្យយើងស្វែងរកឯកសារខាងក្រៅមកសិក្សា ព្រោះក្នុងសៀវភៅពុម្ភមិនសូវមានសម្រាយនិងពិបាកយល់ងាយយល់)​។ កុំភ័យថាអ្នកគ្មានគ្រឹះមកពីថ្នាក់ក្រោម គ្រប់មេរៀននៅថ្នាក់ទី12 ងាយរៀនជាងថ្នាក់ក្រោម និងមានការទាក់ទងគ្នាពីថ្នាក់ក្រោមតិចតូចប៉ុណ្ណោះ ហើយបើចំណុចណាមិនយល់សូមសួរលោកគ្រូអ្នកគ្រូ​ ឬមិត្តរបស់អ្នក។ ជាងនេះទៅទៀត យើងគប្បីសាកល្បងដោះស្រាយរាល់លំហាត់ប្រតិបត្តិ លំហាត់បញ្ចប់មេរៀនឬជំពូក​ និងវិញ្ញាសារចាស់ៗធ្លាប់ចេញប្រលង ដើម្បីបង្កើននូវសមត្ថភាគក្នុងការដោះស្រាយលំហាត់ ជាពិសេសវាអាចជួយឲ្យយើងជួបនូវលំហាត់ថ្មីៗ​ និងវិធីដោះស្រាយនៃលំហាត់ទាំងនោះ​។ សម្រាប់មុខវិជ្ជាភាសាខ្មែរវិញ​ គឺដូចគ្នា យើងត្រូវយល់ពីមូលដ្ធាននិងរបៀបនៃការតែងសេចក្តី​ទាំងពន្យល់និងពិភាក្សាឲ្យច្បាស់ ហើយយើងគប្បីអានសៀវភៅចំណេះដឹងទូទៅនិងសៀវភៅរឿងដែលពាក់ពន្ធ័ឲ្យបានច្រើន ជាពិសេសរាល់សៀវភៅសំណេរតែងសេចក្តីដែលគេតែងហើយស្រាប់ ងាយអានងាយយល់។ ជាងនេះទៅទៀត សម្រាប់សិស្សវិទ្យាសាស្រ្តពិត មិនត្រូវមើលងាយមុខវិជ្ជាដែលមិនពាក់ពន្ធ័ដូចជា ពលរដ្ធ ឬភូមិវិជ្ជានោះទេ​ ព្រោះមេរៀនទាំងនេះសុទ្ធសឹងអាចជួយបង្កើនសមត្ថភាព ផ្នែកគិតរបស់យើងឲ្យកាន់តែប្រសើរ​។ មួយវិញទៀតគ្រប់មេរៀនដែលបានរៀនហើយ អ្នកគួរយកវាមករំលឹកឡើងវិញរៀងរាល់អាទិត្យ ព្រោះថាការចងចាំរបស់មនុស្សម្នាក់ៗមិនស្ថិតស្ថេររហូតនោះទេ ជាពិសេសរាស់ រូបមន្ត និងសំណួរចម្លើយនៃមេរៀននីមួយៗ។

4 ថែទាំសុខភាពឲ្យបានល្អ

       ទោះបីអ្នកខ្លាំងដល់កម្រិតណាក៏ដោយ បើសុខភាពរបស់អ្នកមិនល្អនោះអ្វីៗក៏មិនអាចទទួលលទ្ធផលល្អ ឬជោគជ័យបានឡើយ។ ចូរថែទាំទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយឲ្យបានល្អ និងត្រូវញ៉ាំអាហារឲ្យបានទៀងទាត់ មួយវិញទៀតត្រូវចេះផ្តល់វេលាដល់ខ្លួនឯងក្នុងការសំរាកកំសាន្ត​ និងលំហែកាយជាប្រចាំ ហើយមិនត្រូវប្រឹងរៀនរហូតដល់យប់ជ្រៅពេកនោះទេ។ ម្យ៉ាងវិញទៀតយើងត្រូវចេះលើកទឹកចិត្តខ្លួនឯងនៅពេលជួបបញ្ហាមួយចំនួនដូចជា ការដោះស្រាយលំហាត់មិនចេញ ឬមានការសើចចំអកពីអ្នកដទៃ​ និងបញ្ញាផ្សេងៗទៀត និងត្រូវមានជំនឿចិត្តលើខ្លួនឯងថា យើងអាចធ្វើវាបាន យើងជាដំណោះស្រាយ ព្រោះថាលើលោកនេះអ្វីក៏អាចទៅរួចដែល ឲ្យតែយើងខិតខំប្រឹងប្រែង និងមានគោលដៅច្បាស់លាស់។

ចុងបញ្ចប់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យក្នុងការប្រលងខាងមុខគ្រប់គ្នាៗ ហើយសូមកុំភ្លេចថា គ្មាននរណាម្នាក់អាចជួយយើងបាននោះទេ បើសិនជាយើងមិនជួយខ្លួនឯង និងសូមអភ័យទោសចំពោះកំហុសបច្ចេកទេសណាមួយក្នុងការសំណេរមួយនេះ។ សូមអរគុណ!

សរសេរដោយ: វិន ឃួច, អតីតសិស្សពន្លកខ្មែរ និងជាសិស្សនិទ្ទេស A ឆ្នាំសិក្សារ 2015-2016

2 comments:

Unknown said...

Thanks you so much bro for this advice. I will try the best .

Unknown said...

Thank you dear